Luke 24

ការ​រស់​ឡើង​វិញ​របស់ព្រះយេស៊ូ

1នៅ​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​ពួកគេ​ក៏​នាំយកគ្រឿងក្រអូបដែល​ពួកគេ​បាន​រៀបចំមកផ្នូរ 2ពួកគេបាន​ឃើញថ្ម​ត្រូវ​បាន​ប្រមៀលចេញពីផ្នូរ 3ពេលពួកគេ​ចូលទៅមិន​បាន​ឃើញសពព្រះអម្ចាស់យេស៊ូទេ 4ហើយកាលពួកគេ​កំពុង​នឹកឆ្ងល់ពី​ហេតុ​ការណ៍​នេះមើល៍​មាន​បុរសពីរនាក់ស្លៀកពាក់ភ្លឺចែងចាំង​បាន​ឈរក្បែរពួកគេ 5ពួកគេក៏ប្រែជាភ័យខ្លាចហើយក្រាបមុខដល់ដី​ឯ​បុរស​ពីរ​នាក់​នោះ​ប្រាប់មកពួកគេថា៖ ​«ហេតុ​អ្វី​អ្នករាល់គ្នា​រកមនុស្សរស់នៅក្នុងចំណោម​មនុស្ស​ស្លាប់ដូច្នេះ? 6ដ្បិតព្រះអង្គ​បាន​រស់​ឡើង​វិញ​ហើយមិននៅទីនេះទេ! ​ចូរ​ចាំ​ព្រះអង្គ​មានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងដូចម្ដេចកាលនៅ​ស្រុក​កាលីឡេ 7គឺមានបន្ទូលថាកូនមនុស្ស​នឹង​ត្រូវ​គេ​ប្រគល់ទៅក្នុងដៃ​របស់​ពួក​មនុស្សបាបរួច​ត្រូវ​គេ​ឆ្កាងប៉ុន្ដែ​នៅ​ថ្ងៃទីបី​នឹង​រស់ឡើងវិញ»។ 8ពួកគេក៏នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ 9ហើយពេល​ត្រលប់ពីផ្នូរមកវិញ​ពួកគេ​បាន​ប្រាប់​ហេតុ​ការណ៍​ទាំងអស់នេះ​ដល់​សាវក​ទាំង​ដប់​មួយព្រមទាំង​អ្នក​ផ្សេង​ៗ​ទៀត 10ពួកស្ដ្រី​ដែល​បាន​ប្រាប់​ហេតុ​ការណ៍​ទាំងនោះដល់​ពួក​សាវក​មាន​នាង​ម៉ារាអ្នក​ក្រុង​ម៉ាក់ដាឡា​នាង​យ៉ូអាណាន់និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុបព្រមទាំង​ស្ដ្រី​ផ្សេងទៀតដែលនៅជាមួយពួកគេ 11ប៉ុន្ដែអ្នកទាំងនោះ​មិនជឿពួកនាង​ទេ​ដ្បិតពាក្យសំដី​របស់​ពួកនាងដូចជាផ្ដេសផ្ដាសសម្រាប់ពួកគេ 12លោកពេត្រុស​បាន​ក្រោកឡើងរត់ទៅផ្នូរនិង​បាន​អោនមើល​ក៏​ឃើញតែក្រណាត់ទេសឯកប៉ុណ្ណោះរួច​គាត់​ក៏​ចាក​ចេញ​មកវិញ​ដោយ​ងឿងឆ្ងល់​អំពី​អ្វីដែល​កើត​ឡើង

ព្រះយេស៊ូ​​បង្ហាញ​ខ្លួន​នៅ​ភូមិ​អេម៉ោស​

13ហើយមើល៍នៅថ្ងៃដដែលនោះ​មាន​ពីរនាក់ក្នុងចំណោមពួកសិស្ស​កំពុង​ធ្វើ​ដំណើរទៅភូមិមួយឈ្មោះភូមិអេម៉ោស​ដែល​មានចម្ងាយ​ប្រហែល​ដប់មួយគីឡូម៉ែត្រពី​ក្រុង​យេរូសាឡិម 14ហើយពួកគេនិយាយគ្នាអំពីហេតុការណ៍ទាំងឡាយដែល​បាន​កើតឡើង 15ហើយពេលពួកគេ​កំពុង​ជជែក​គ្នា​ព្រះ​យេស៊ូក៏​យាង​មកជិតធ្វើ​ដំណើរ​ជាមួយពួកគេដែរ 16តែភ្នែក​របស់​ពួកគេ​ត្រូវ​បាន​ខ្ទប់មិន​ឲ្យ​ស្គាល់ព្រះអង្គទេ 17ព្រះអង្គមានបន្ទូលទៅពួកគេថា៖ ​«តើ​ពួក​អ្នក​កំពុង​ដើរបណ្ដើរនិយាយគ្នាបណ្ដើរ​អំពី​រឿងអ្វី?» ​ពួកគេ​ក៏ឈរ​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់ 18ម្នាក់ឈ្មោះក្លេប៉ាសទូលតបទៅព្រះអង្គថា៖ ​«តើ​មាន​តែអ្នកម្នាក់ប៉ុណ្ណោះ​ឬ​ដែល​នៅ​ក្រុង​យេរូសាឡិមហើយមិនដឹង​ហេតុ​ការណ៍​ដែល​បាន​កើតឡើងនៅក្នុងក្រុងប៉ុន្មានថ្ងៃនេះ 19ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​រឿង​អ្វីទៅ?» ​ពួកគេ​ទូល​តប​ថា៖ ​«គឺអំពី​លោក​យេស៊ូ​ជា​អ្នកក្រុង​ណាសារ៉ែតលោកជាអ្នកនាំព្រះបន្ទូលម្នាក់ដ៏​មាន​អំណាច​ទាំង​នៅក្នុងពាក្យសំដីនិងការប្រព្រឹត្ដិនៅចំពោះព្រះជាម្ចាស់និងប្រជាជនទាំងអស់ 20ប៉ុន្ដែយ៉ាងដូចម្ដេច​បាន​ជា​ទាំង​ពួក​សម្ដេចសង្ឃនិង​ពួក​អាជ្ញាធរ​របស់​យើងកាត់ទោសប្រហារជីវិតលោកគឺ​ពួកគេ​បាន​ឆ្កាងលោក 21ហើយយើងសង្ឃឹមថាលោកជាព្រះ​មួយ​អង្គ​ដែល​នឹងសង្គ្រោះអ៊ីស្រាអែលប៉ុន្ដែលើសពីនេះទៅទៀតនេះ​ជា​ថ្ងៃទីបី​ហើយ​តាំងពី​ហេតុការណ៍​ទាំងនេះបានកើតឡើង 22មានពួក​ស្ដ្រីខ្លះនៅក្នុងចំណោមយើង​បាន​ធ្វើ​ឲ្យ​យើងឆ្ងល់ដែរ​គឺ​កាល​ពួកគេ​បាន​ទៅផ្នូរ​ពី​ព្រលឹម 23មិនបាន​ឃើញសពលោកទេ​ពួកគេ​បាន​មកប្រាប់ទៀតថា​បាន​ឃើញ​ពួក​ទេវតាលេចមកប្រាប់ថាលោកនៅរស់​ទេ។ 24មានអ្នក​ខ្លះ​នៅក្នុង​ចំណោម​ពួក​អ្នក​នៅ​ជាមួយយើង​បាន​ចេញ​ដំណើរ​ទៅផ្នូរហើយក៏ឃើញដូចជាស្ដ្រី​ទាំង​នោះនិយាយមែនគឺពួកគេមិន​បាន​ឃើញលោកទេ»។ 25ព្រះអង្គមានបន្ទូលទៅពួកគេថា៖ ​«​ពួក​មនុស្ស​ល្ងីល្ងើនិង​មាន​ចិត្តមិន​ងាយ​ជឿអស់​ទាំង​សេចក្ដីដែលពួកអ្នកនាំព្រះបន្ទូល​បាន​ថ្លែងទុកអើយ! 26តើព្រះ​គ្រិស្ដមិន​ត្រូវ​រង​ទុក្ខ​វេទនាទាំងនោះទេដើម្បីចូលទៅក្នុង​សិរី​រុងរឿង​របស់​ព្រះអង្គ 27រួចព្រះអង្គ​ក៏ពន្យល់​ប្រាប់​ពួកគេ​គ្រប់​សេចក្ដីដែល​បាន​ចែង​អំពីព្រះអង្គនៅក្នុងបទគម្ពីរទាំងអស់ចាប់ផ្ដើមពី​គម្ពីរ​ម៉ូសេរហូតដល់​គម្ពីរ​របស់​ពួក​អ្នកនាំព្រះបន្ទូល 28កាលពួកគេ​ធ្វើដំណើរ​មក​ជិតដល់ភូមិនោះហើយព្រះអង្គក៏ធ្វើជាយាងបង្ហួសទៅ 29ប៉ុន្ដែពួកគេ​បាន​ទទូច​សុំ​ព្រះអង្គ​យ៉ាង​ខ្លាំងថា៖ ​«សូម​ស្នាក់នៅជាមួយយើង​សិន​ព្រោះល្ងាចណាស់ហើយ» ​ព្រះអង្គ​ក៏យាង​ចូល​ទៅស្នាក់នៅជាមួយពួកគេ 30កាលព្រះអង្គអង្គុយ​នៅ​តុ​អាហារជាមួយ​នឹង​ពួកគេ​ព្រះអង្គ​បាន​យកនំប៉័ងមក​ប្រទាន​ពររួចកាច់ឲ្យ​ទៅ​ពួកគេ 31ពេលនោះភ្នែក​របស់​ពួកគេ​ត្រូវ​បាន​បើកឡើងហើយ​ពួកគេ​ក៏ស្គាល់ព្រះអង្គប៉ុន្ដែព្រះអង្គក៏បាត់ពីមុខពួកគេទៅ 32ពួកគេបាន​និយាយគ្នាថា៖ ​«តើ​ចិត្ដ​របស់​យើងមិន​បាន​ឆេះឆួលទេកាល​ដែល​ព្រះអង្គ​បាន​មានបន្ទូល​មក​កាន់​យើងនៅតាមផ្លូវ​គឺ​នៅពេល​ព្រះអង្គ​បកស្រាយបទគម្ពីរ​ប្រាប់​យើង 33ពេលនោះ​ពួកគេ​ក្រោកឡើងត្រលប់ទៅ​ក្រុង​យេរូសាឡិមវិញហើយ​ពួកគេ​បាន​ឃើញ​សាវក​ទាំង​ដប់មួយនិង​ពួក​អ្នក​ដែល​នៅ​ជាមួយពួកគេ​កំពុង​ជួបជុំគ្នា 34និយាយថា៖ ​«ព្រះអម្ចាស់​បាន​រស់ឡើងវិញពិតមែនគឺ​ព្រះអង្គ​បាន​លេច​មក​ឲ្យ​លោក​ស៊ីម៉ូនឃើញ»។ 35ពួកគេក៏ពន្យល់ប្រាប់​ពី​ហេតុការណ៍នៅតាមផ្លូវនិង​ពី​របៀបដែលពួកគេស្គាល់ព្រះអង្គនៅពេលកាច់នំប៉័ង

ព្រះយេស៊ូ​​បង្ហាញ​ខ្លួនដល់​ពួក​សិស្ស​

36ពេល​ពួកគេ​កំពុង​ប្រាប់​អំពី​ហេតុការណ៍​ទាំងនេះព្រះអង្គក៏ឈរនៅកណ្ដាល​ចំណោម​ពួកគេនិងមានបន្ទូល​ទៅ​ពួកគេថា៖ ​«សូម​អ្នករាល់គ្នា​ប្រកប​ដោយ​សេចក្ដីសុខសាន្ដ» 37ពួកគេក៏ខ្លាចញ័ររន្ធត់​ព្រោះ​ពួកគេ​គិតថាជួបខ្មោច 38ព្រះអង្គក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ហេតុអ្វី​បានជា​អ្នករាល់គ្នាច្របូកច្របល់ដូច្នេះ? ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​មានចិត្តសង្ស័យដូច្នេះ? 39ចូរមើលដៃនិងជើង​របស់​ខ្ញុំចុះថាជាខ្ញុំហើយចូរមើលនិងពាល់ខ្ញុំចុះព្រោះខ្មោចគ្មានសាច់​គ្មាន​ឆ្អឹងដូចជា​អ្នករាល់គ្នា​ឃើញខ្ញុំ​នេះ​ទេ»។ 40កាលព្រះអង្គ​មានបន្ទូលដូច្នេះហើយក៏បង្ហាញ​ព្រះ​ហស្តនិងបាទា​ឲ្យ​ពួកគេឃើញ 41ប៉ុន្ដែដោយ​សេចក្ដី​អំណរនិង​ការ​ងឿងឆ្ងល់ពួកគេនៅតែមិន​ទាន់​ជឿ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​មានអាហារនៅទីនេះដែរ​ឬ​ទេ 42ពួកគេក៏ឲ្យត្រីអាំង​មួយ​ដុំ​ដល់​ព្រះអង្គ 43ហើយព្រះអង្គ​ក៏យកមកបរិភោគ​នៅ​ចំពោះ​មុខពួកគេ 44រួចក៏មានបន្ទូលទៅពួកគេថា៖ ​«ទាំងនេះជាពាក្យសំដី​របស់​ខ្ញុំដែល​ខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នាកាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយគឺ​បាន​ប្រាប់​ថា​សេចក្ដី​ទាំងអស់ដែល​បាន​ចែងទុកអំពីខ្ញុំនៅក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​គម្ពីរ​របស់​ពួក​អ្នកនាំព្រះបន្ទូលនិងទំនុកតម្កើងត្រូវតែសម្រេច»។ 45បន្ទាប់មកព្រះអង្គ​ក៏​បើកគំនិត​របស់​ពួកគេ​ឲ្យ​យល់បទគម្ពីរទាំងនោះ 46ដោយមានបន្ទូល​ទៅ​ពួកគេថា៖ ​«គឺ​មាន​សេចក្ដីចែង​ទុក​ដូច្នេះថា​ព្រះ​គ្រិស្ដ​ត្រូវ​រងទុក្ខវេទនាហើយរស់ឡើងវិញនៅថ្ងៃទីបី 47ហើយគេ​នឹង​ប្រកាសក្នុង​ព្រះ​នាម​របស់​ព្រះអង្គ​អំពី​ការប្រែចិត្ដសម្រាប់​ការ​លើកលែងទោសបាបដល់ជនជាតិទាំងអស់ចាប់ផ្ដើមពី​ក្រុង​យេរូសាឡិមទៅ 48ហើយអ្នករាល់គ្នា​ជា​សាក្សី​នៃ​ហេតុ​ការណ៍​ទាំងនេះ 49មើល៍ខ្ញុំ​បាន​ប្រគល់សេចក្ដីសន្យា​របស់​ព្រះ​វរ​បិតាខ្ញុំដល់អ្នករាល់គ្នា​ហើយ​ប៉ុន្ដែ​ចូរ​អ្នករាល់គ្នានៅក្នុងក្រុងរហូតដល់​អ្នករាល់គ្នា​បាន​គ្របដណ្ដប់​ដោយ​អំណាចពីស្ថានលើ»។

ព្រះយេស៊ូយាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ​

50ព្រះអង្គ​ក៏​នាំពួកគេ​ចេញ​ទៅក្រៅរហូតដល់​ក្រុង​បេថានីហើយ​ព្រះអង្គ​ក៏លើកព្រះហស្ដ​ប្រទាន​ពរ​ដល់​ពួកគេ 51កាលព្រះអង្គ​កំពុង​ប្រទានពរ​ឲ្យ​ពួកគេ​ព្រះអង្គ​ក៏​ចាកចេញពីពួកគេ​ទៅ​គឺ​ត្រូវ​បាន​លើក​យក​ទៅ​ស្ថានសួគ៌វិញ 52ពួកគេក៏​ថ្វាយ​បង្គំព្រះអង្គ​ហើយ​ត្រលប់ទៅ​ក្រុង​យេរូសាឡិមវិញដោយអំណរជាខ្លាំង 53និងបាន​នៅក្នុង​ព្រះ​វិហារថ្វាយ​ព្រះ​ពរព្រះជាម្ចាស់ជានិច្ច
Copyright information for KhmKCB